តើបងប្អូនដែលឆ្ងល់ថា យើងគួរប្រើ ឬក៏មិនប្រើយុគលពិន្ទុ (ៈ) នៅពេលណាដែរឬទេ?
យោងទៅតាមសៀវភៅ «កម្ពុជវេយ្យាករណ៍» និពន្ធដោយលោកគ្រូ ខៀវ ជុំ នៅក្នុងទំព័រ ៤២-៤៣ គាត់បានលើកឡើងថា៖
ចំពោះពាក្យបាលីនឹងសំស្ក្រឹត ដែលមិនមានពាក្យដទៃភ្ជាប់ខាងចុង គឺពាក្យដាច់ពីគ្នាមួយបទៗ ត្រូវប្រើយុគលពិន្ទុ ដូច «ថេរៈ គណៈ មរណៈ ព្យព្ជានៈ អវយវៈ» ពាក្យបាលីសំស្ក្រឹតដែលនៅខាងដើមព្យាង្គក្នុងបទមួយៗ ដូច «គណៈ មរណៈ» តួ «គ» នឹង «ម, រ» មិនត្រូវប្រើយុគលពិន្ទុទេ។ល។ តែបើមានពាក្យជាប់គ្នាច្រើនបទដែលហៅថាបទសមាស* ធ្វើឲ្យព្យាង្គដែលប្រើយុគលពិន្ទុនោះ មិនមែនជាព្យាង្គចុង មិនត្រូវប្រើយុគលពិន្ទុទេដូច «ថេរសមាគម គណបតិ មរណភា» ជាដើម។ ត្រង់នេះត្រូវសង្កេតឲ្យដឹងថា ពាក្យណាជាបទសមាស ពាក្យណាមិនមែនជាបទសមាស ដោយល្អិតល្អន់ដូច «គណបតិ» ពាក្យនេះជាមាស តែគណៈសង្ឃមិនមែនជាពាក្យសមាស គឺ «គណ» ពាក្យមួយ «សង្ឃ» ពាក្យមួយ។
*សមាស ( ន. ) [សៈម៉ាស ] ( សំ., បា. )
ការបង្រួមចូល; ការបំប្រួញឲ្យខ្លី, ឲ្យតិចចុះ, ឲ្យសង្ខេប ។ ព. វ. សព្ទតន្តិភាសាយ៉ាងដូចបាលីនិងសំស្ក្រឹតដែលបំប្រួញបទតាំងពីពីរឡើងទៅឲ្យជាប់គ្នាតែមួយ, ដូចជា : សមាន + អានុភាព > សមា–នានុភាព អានុភាពស្មើគ្នា ឬអ្នកដែលមានអានុភាពប្រហែលគ្នា; រាជ + វង្ស + អនុវង្ស > រាជវង្សានុវង្ស វង្សស្ដេចធំនិងតូច ឬវង្សស្ដេចនិងវង្សដែលជាប់ក្រសែស្ដេច ប៉ុន្តែឃ្លាតក្លាយហើយ; យ៉ាងនេះ ហៅថា បទសមាស ឬ សមាសនាម ។