តើបងប្អូនធ្លាប់ឆ្ងល់ពីរបៀបនៃការប្រើប្រាស់រជ្ជុសញ្ញា យតិភង្គ ឬក៏នយសញ្ញា (—) ដែរឬទែ?
នៅក្នុងសៀវភៅ «វិធីប្រើ វណ្ណយុត្តិ នឹងខណ្ឌសញ្ញា» រៀបរៀងដោយលោកគ្រូ នួន ប៊ុត លោកបានលើកឡើងដូចតទៅនេះ៖
Download “Nuan-Bout on Khmer Hyphenation” Khmer-Hyphenation-Nuan-Bout.pdf – Downloaded 958 times – 1.46 MBការប្រើប្រាស់រជ្ជុសញ្ញា
ក) សម្រាប់ប្រើច្រៀតសេចក្ដីក្នុងប្រយោគ
ខ) សម្រាប់ប្រើគូសពីមុខលេខរៀង រាប់ខសេចក្ដីក្នុងសៀវភៅ លក្ខន្ដិកៈ ប្រការ មាត្រា ឬអត្ថបទណាមួយ
គ) សម្រាប់ប្រើក្នុងពាក្យនិយាយឆ្លើយឆ្លងគ្នាទៅវិញទៅមក
ឃ) សម្រាប់ប្រើដាក់ខាងដើម ឬខាងចុងព្យាង្គណាមួយដែលត្រូវអានបំពេញតាមលំនាំស័ព្ទបន្ទាប់ខាងដើម ឬខាងចុង
ង) សម្រាប់ប្រើដាក់ចុងបន្ទាត់ សំគាល់ស័ព្ទដែលសរសេរ ឬបោះពុម្ពដល់ចុងបន្ទាត់ហើយ ប៉ុន្តែមិនទាន់អស់ព្យាង្គនៅឡើយ ត្រូវអានភ្ជាប់ទៅនឹងព្យាង្គខាងដើមបន្ទាត់ជាលំដាប់ (ឧ. ចំ—ណោម) ប៉ុន្តែមិនត្រូវប្រើរជ្ជុសញ្ញាបែបឲ្យខូចព្យាង្គនៃស័ព្ទដូចជា ហើ—យ សរសេ—រ។ល។ទេ
ច) សម្រាប់ប្រើគូសក្នុងការកត់ត្រាគោត្តនាម និងបកតិនាម
ការប្រើប្រាស់យតិភង្គ
ក) សម្រាប់ប្រើដាក់ត្រង់ចន្លោះសង្កាត់ពាក្យមួយម៉ាត់ដែលផ្ដាច់ចេញដោយខ្លួនពីគ្នា ត្រង់ចន្លោះឃ្លាគាថា កាព្យ ឃ្លោង
ការប្រើប្រាស់នយសញ្ញា
ក) សម្រាប់ប្រើគូសក្រោមពាក្យដែលមានសេចក្ដីដូចគ្នាពីលើមក
ខ) សម្រាប់ប្រើគូសពីក្រោមពាក្យដែលត្រូវទន្ទេញឲ្យចាំមាត់
គ) ប្រើគូសក្រោមពាក្យសំខាន់ណាមួយ